កាលបរិច្ឆេទ: ០៧ កុម្ភៈ ២០២៣
កាលពីថ្ងៃទី១ កុម្ភៈ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍គណៈប្រតិភូមូលនិធិគីណាល់ និងគណៈមេប្រយោគពានរង្វាន់ Thnot d’Or ក្នុងនោះមានលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិ លោកហ្វីលីព ម៉ូណាំង ប្រធានគណៈមេប្រយោគដែលអមដំណើរដោយលោកហ៊ឹម ពិសិដ្ឋ និងលោកព្យែរ ហ្ស៊ីលែ្លត ដែលមកបង្ហាញពីគម្រោងពានរង្វាន់ Thnot d’Or ឆ្នាំ២០២៣។
ពានរង្វាន់ Thnot d’Or ត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ដើម្បីផ្តល់រង្វាន់ដល់ការងារស្រាវជ្រាវក្នុងវិស័យកសិកម្ម និងផ្នែកផលិតចំណីអាហាររបស់និស្សិតផ្នែកនេះ។ ឯកឧត្តម ឌិត ទីណា ដែលទទួលបានការតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីប៉ុន្មានខែមុននេះ បានអះអាងជាថ្មីម្តងទៀតពីចំណាប់អារម្មណ៍របស់ក្រសួងកសិកម្មទៅលើពានរង្វាន់ Thnot d’Or ដែលបង្កើតឡើងដោយមូលនិធិគីណាល់ក្នុងបំណងជំរុញលើកទឹកចិត្តដល់និស្សិតផ្នែកកសិកម្ម និងកសិ-ចំណីអាហារឲ្យធ្វើការស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗដើម្បីក្លាយជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរ៍ភាព។
ដើម្បីជាកិច្ចចាប់ផ្តើមឡើងវិញបន្ទាប់ពីត្រូវបានផ្អាកអស់មួយរយៈកាលពីឆ្នាំ២០២០ដោយសារវិបត្តិជំងឺកូវីដ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានសំណូមពរឲ្យជ្រើសរើសប្រធានបទទាក់ទងនឹងត្រីប្រហុក ព្រោះថាផលិតផលនេះជាអត្តសញ្ញាណខ្មែរ។
ដូច្នេះ ប្រធានបទសម្រាប់ឆ្នាំនេះគឺ លើកតម្កើងប្រហុកខ្មែរឲ្យក្លាយជាផលិតផលជោគជ័យសម្រាប់ការនាំចេញ។
និស្សិតដែលចូលរួមប្រកួតត្រូវផ្តល់ការងារស្រាវជ្រាវទាំងស្រុង ឬមួយផ្នែកទាក់ទងនឹងសង្វាក់ផលិត ការកែច្នៃ របៀបទុកប្រហុកឲ្យបានយូរ ការរចនាទាក់ទងនឹងការវេចខ្ចប់ជាដើម ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ ធ្វើយ៉ាងណាឲ្យប្រហុកខ្មែរក្លាយជានិមិត្តរូបតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផ្នែកសិល្បៈនៃការចម្អិនម្ហូប ហើយតាមរយៈនៃការលើកតម្លៃនេះ ប្រហុកនឹងក្លាយជាប្រភពបង្កើនប្រាក់ចំណូលសម្រាប់តួអង្គទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការផលិត។
មុននឹងចូលឆ្នាំខ្មែរឈានចូលមកដល់ បេក្ខជនត្រូវផ្ញើគម្រោងសង្ខេបរបស់ខ្លួនទៅគណៈមេប្រយោគ ហើយពេលនោះគណៈមេប្រយោគនឹងធ្វើការជ្រើសរើសយកគម្រោងណាដែលមានភាពច្បាស់លាស់ឆ្លើយតបទៅនឹងប្រធានបទល្អជាងគេ។ បន្ទាប់មក នៅចំពេលចូលឆ្នាំខ្មែរ ក្នុងឱកាសប្រកួតដណ្តើមពានរង្វាន់ដែលរៀបចំឡើងដោយមូលនិធិគីណាល់ដោយមានការគាំទ្រពីក្រសួងកសិកម្ម ក្រុមបេក្ខជនដែលគណៈមេប្រយោគបានជ្រើសរើស ត្រូវធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួន។
ក្រោយចូលឆ្នាំខ្មែរ ក្រុមទាំងនោះត្រូវធ្វើការស្រាវជ្រាវបន្ថែមលើគម្រោងរបស់ខ្លួនទាំងផ្នែកឯកសារ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីផ្តល់ទិន្នន័យទាំងមូលដែលអាចឲ្យគណៈមេប្រយោគវិនិច្ឆ័យថាគម្រោងអាចធ្វើបាន ឬក៏មិនបាន។ លទ្ធផលនៃការងារស្រាវជ្រាវនេះត្រូវដាក់ជូនគណៈមេប្រយោគត្រួតពិនិត្យក្នុងអំឡុងពាក់កណ្តាលខែកក្កដា។ ចំណែកឯកម្មវិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីទាំងបីក្រុមនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ហើយកាលបរិច្ឆេទគឺអាស្រ័យលើកាលវិភាគរបស់ឯកឧត្តមរដ្ឋមន្រ្តី។
និស្សិតដែលត្រូវចូលរួមប្រកួតមានដូចជា និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម និស្សិតវិទ្យាស្ថានសន្តប៉ូលខេត្តតាកែវ និស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និស្សិតវិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ស្ពឺ និស្សិតវិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ធំ និងនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ៕